អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី២៨ កញ្ញា ត្រឡប់មកស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីមួយរូបទៀត ទាក់ទងនឹងការសម្លាប់ជនជាតិចាម នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ដើមបណ្ដឹងរដ្ឋប្បវេណីថ្មី ឈ្មោះ ណូ សាដះ ជាស្ត្រីជនជាតិចាម មួយរូប ដែលរួចជីវិតពីការកាប់សម្លាប់នោះ។
ដើមបណ្ដឹងរដ្ឋប្បវេណីថ្មី ឈ្មោះ ណូ សាដះ រៀបរាប់ប្រាប់អង្គជំនុំជម្រះសាលាដំបូងថា ពួកខ្មែរក្រហមនៅឃុំស្វាយឃ្លាំង បានធ្វើទុក្ខបុកម្នេញជនជាតិចាម ហើយចម្រាញ់យកទៅសម្លាប់ផ្ដាច់ពូជ។ លោកស្រី ណូ សាដះ ឱ្យដឹងថា ការសម្លាប់រង្គាលជនជាតិចាម នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានចាប់ផ្ដើមកើតឡើងនៅឆ្នាំ១៩៧៥ គឺបន្ទាប់ពីជនជាតិចាមងើបបះបោរប្រឆាំងពួកខ្មែរក្រហម ដែលហាមមិនឱ្យគោរពប្រពៃណីសាសនាអ៊ីស្លាម និងបង្ខំឲ្យហូបសាច់ជ្រូកជាដើម។
លោកស្រីបន្តទៀតថា ពួកខ្មែរក្រហម បានប្រមូលជនជាតិចាមនៅទីនោះយកទៅឃុំឃាំងក្នុងឃ្លាំងថ្នាំជក់ មុននឹងចម្រាញ់យកទៅសម្លាប់៖ «ដូចឪពុកខ្ញុំអីបាត់សូន្យទល់រាល់ថ្ងៃនេះ។ ប្រជាជនដែលគេឃាត់ឃាំងនៅកន្លែងហ្នឹង គឺដើម្បីគេរកខ្មាំង។ គេអត់ឱ្យទៅណាទេ គេឃុំនៅកន្លែងហ្នឹងហើយ ១ខែ ៣ថ្ងៃ។ មានយោធាគេនៅយាមជុំវិញ។ ពួកខ្ញុំគេអត់ឱ្យធ្វើអីទេ គេឃុំនៅទីហ្នឹង ទាល់តែគេឱ្យចេញ។ គេរកខ្មាំងហ្នឹង ដើម្បីថាពួកខ្ញុំបះបោរឬទេ។ ដល់អ៊ីចឹងគេចោទយើងថាខ្មាំង រួចគេរកអត់អស់ គេមកស្រាវជ្រាវទៀត។ នៅភូមិស្វាយឃ្លាំងហ្នឹងហើយ។ យើងចាញ់គេហើយ បានគេជម្លៀសយើងចេញមកហ្នឹង។ អ្នកណាមិនចេញអ្នកហ្នឹងខ្មាំង សម្លាប់នៅកន្លែងហ្នឹងហើយ។ បាញ់ចោលនៅកន្លែងហ្នឹងហើយ អ្នកអត់ចេញ»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះមានប្រសាសន៍ថា សមាជិកគ្រួសាររបស់លោកស្រីត្រូវពួកខ្មែរក្រហមប្រមូលយកទៅតាមកាណូតធំៗ ហើយបាត់រហូតមកដល់សព្វថ្ងៃ។ លោកស្រីបានឃើញសាកសពកុមារត្រូវគេច្រកបាវ ហើយប្រុសៗ ត្រូវគេចងជាស្នួទម្លាក់ក្នុងទឹកទន្លេ។
លោកស្រី ណូ សាដះ ឱ្យដឹងថា លោកស្រីបានរួចខ្លួនពីចំណង ដែលគេយកទៅសម្លាប់ ដោយសារតែលោកស្រីប្រាប់ពួកខ្មែរក្រហមថា លោកស្រីជាខ្មែរ៖ «ច្រើន មនុស្សនៅក្នុងផ្ទះហ្នឹងមិនមែនតិចទេ ប្រហែលជា ៣០០នាក់។ អ្នកឆ្លើយថា ចាមហ្នឹងទៅមុនអស់ហើយ។ នៅសល់ប្រហែលជា ៣០នាក់មកដល់ខ្ញុំហ្នឹង ខ្ញុំឆ្លើយទៅក្រែងថា បានរស់រានមានជីវិតវិញ។ ចង់មើលប្រទេសជាតិហ្នឹងយ៉ាងម៉េចវិញ។ ដល់ពេលខ្ញុំឆ្លើយទៅកាលនោះយប់ មិនមែនភ្លឺអ៊ីចឹងទេ។ អត់មើលមុខគ្នាឃើញទេ វាច្របាច់ពិលមើលមុខខ្ញុំ វាថា មិនមែនខ្មែរ កូនយួនទេ? ខ្ញុំថា អត់ទេ ខ្ញុំកូនខ្មែរ! ខ្ញុំស្រែកខ្លាំងអ៊ីចឹងទៅ បានគេព្រមឱ្យខ្ញុំនៅម្ខាង។ ដល់ពេលរួចមកពួកនៅក្រោយៗ ហ្នឹង ឆ្លើយតាមខ្ញុំដែរ ក្រុមនៅជាមួយខ្ញុំស្រុកភូមិជាមួយគ្នាហ្នឹង។ គេសួរវាឆ្លើយថា កូនខ្មែរៗ បាននៅសល់ថា ៣០នាក់ចុះ»។
ទោះជាយ៉ាងណាក្ដី លោកស្រី ណូ សាដះ ថ្លែងថា លោកស្រីមិនដែលឃើញគេសម្លាប់មនុស្សដោយផ្ទាល់ទេ គឺបានឃើញតែសាកសពមនុស្ស ដែលធ្លាប់ស្គាល់ត្រូវគេសម្លាប់ដោយអារក។ លោកស្រីត្រូវពួកខ្មែរក្រហមបង្ខំឱ្យទទួលទានសាច់ជ្រូក ដែលខុសនឹងច្បាប់សាសនា។
សវនាការរបស់អង្គជំនុំជម្រះសាលាដំបូង កំពុងផ្ដោតលើការធ្វើទុក្ខបុកម្នេញជនជាតិចាម នៅក្នុងសំណុំរឿង ០០២ វគ្គ ២។
សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ណូ សាដះ នៅមិនទាន់ចប់ទេ អង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់សក្ខីកម្មរបស់លោកស្រីបន្តទៀត នៅថ្ងៃអង្គារ ទី២៩ កញ្ញា៕
Post Top Ad
Responsive Ads Here
Monday, September 28, 2015
Home
Unlabelled
ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីនៃសាលាក្ដីខ្មែរក្រហមរៀបរាប់ពីការសម្លាប់ជនជាតិចាមនៅស្រុកក្រូចឆ្មារ
ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីនៃសាលាក្ដីខ្មែរក្រហមរៀបរាប់ពីការសម្លាប់ជនជាតិចាមនៅស្រុកក្រូចឆ្មារ
Share This
About BOPEA
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
